ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការថ្លែងរបស់ ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីយុត្តិធម៌ក្នុងពិធីប្រកាសផ្ទេរមុខតំណែង លោក ងួន ណារ៉ា ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ​ថ្មី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ៖ ជាការពិតណាស់ ការផ្លាស់ប្តូរ និងការផ្ទេរភារកិច្ចរបស់ចៅក្រម ព្រះរាជអាជ្ញា នាពេលនេះគឺជារឿងធម្មតា ក្នុងអាជីពនៃអង្គចៅក្រម ជាក់ស្តែងការតែងតាំងមុខតំណែងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ គឺធ្វើឡើងបន្ទាប់ពីមានការសម្រេច នៅថ្ងៃប្រជុំពេញអង្គ របស់ឯកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី ៣៦ ។ ការផ្លាស់ប្តូរ ឬ ផ្ទេរភារកិច្ចនៃប្រធានសាលាដំបូង ឬ ចៅក្រមព្រះរាជអាជ្ញា គឺក្នុងគោលបំណង ដើម្បីធានាបង្កើននូវប្រសិទ្ធភាព កិច្ចដំណើរការការងារ ឲ្យ​កាន់តែប្រសើរឡើង ដូចជាការលើកទឹកចិត្ត ដល់មន្ត្រីដែលមានបទពិសោធន៍ និងមានស្នាដៃល្អៗ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍បន្តថា ៖ ចៅក្រម គឺតម្រូវចាត់ការ សេចក្តីសម្រេច ឬកាត់ក្តីប្រកបដោយភាពយុត្តិធម៌ គឺធ្វើនិងសម្រេចឲ្យបានត្រឹមត្រូវ តាមច្បាប់ជាធរមាន ប្រកបដោយភាពយុត្តិធម៌ និងសមធម៌។ ចៅក្រម គឺត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ រឹងប៉ឹង ម៉ត់ចត់ សុច្ចរិត ស្មោះត្រង់ ស្អាតស្អំ ប្រកាន់គោលការសមភាព អព្យាក្រឹត និងមិនរើសអើង។ ចុងក្រោយ ឯកឧត្តម ក៏បានធ្វើការដាស់តឿនក្រើនរំលឹកដល់ ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីរាជការទាំងអស់ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ មិនត្រូវប្រព្រឹត្តអំពើណាមួយដែលពុំគាប់បី ពុំសមរម្យ រំលោភបំពានច្បាប់ សីលធម៌សង្គម ទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិ ដែលជាមូលហេតុនាំឲ្យអាប់អោនកិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លូនផ្ទាល់។ ពិសេសគឺត្រូវអនុវត្តន៍នូវអភិក្រម​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះបញ្ចាក់ ងូតទឹក ដុះក្អែល ព្យាបាល និងធ្វើការវះកាត់ ស្របទៅតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ក្នុងទិសដៅពង្រឹងនិតិរដ្ឋ​ បង្កើនយុត្តិធម៌សង្គម ហើយជាការកាត់បន្ថយ អំពើពុករលួយ និងបង្កើនវប្បធម៌គោរពច្បាប់ ក្នុងប្រទេសរបស់យើង។

លោក ងួន ណារ៉ា ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ​ថ្មី ក៏បានធ្វើការប្តេជ្ញាចិត្ត ដោយបញ្ជាក់ថា ៖ ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៍ដូចជាការធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រសិទ្ធិភាពការងារក្នុងស្ថាប័នយុត្តិធម៌ និងការផ្តល់សេវាយុត្តិធម៌ ឲ្យបានឆាប់រហ័សទាំងការងាររដ្ឋបាលតុលា និងការដោះស្រាយរឿងក្តីគ្រប់ប្រភេទ ប្រកបដោយភាពយុត្តិធម៌ មានតម្លាភាព​ រក្សាសេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពផ្ទៃក្នុង ៕