រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវ និងសម្របសម្រួលផលប៉ះពាល់ នៃការដាក់ប្រព័ន្ធលូរំដោះទឹក ដែលនៅសេសសល់

ខេត្តស្វាយរៀង៖​ នារសៀលថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  អមដំណើរដោយឯកឧត្ដមអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុងបាវិត កងកម្លាំងពាក់ព័ន្ធ លោកមេភូមិ ចៅសង្កាត់បាវិត ព្រមទាំងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនទទួលអនុវត្តការស្ថាបនាផ្លូវ បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវ និងសម្របសម្រួលផលប៉ះពាល់ នៃការដាក់ប្រព័ន្ធលូរំដោះទឹក ដែលនៅសេសសល់ចំនួន១គ្រួសារ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីមានការសម្របសម្រួល និងពន្យល់ពីបទដ្ឋានបច្ចេកទេសនៃការសាងសង់ ជាលទ្ធផលប្រជាពលរដ្ឋដែលមានផលប៉ះពាល់បានទទួលយកនូវដំណោះស្រាយ ដោយបានព្រមព្រៀងឯកភាពតាមការសម្របសម្រួលរបស់ឯកឧត្តមអភិបាលខេត្ត និងយល់ព្រមសហការដើម្បីឲ្យក្រុមហ៊ុនបន្តការស្ថាបនា។

បើយោងតាមមន្ត្រីគ្រប់គ្រងគម្រោងកែលម្អពង្រីកទទឹងផ្លូវ និងប្រព័ន្ធលូរំដោះទឹក នៅក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ដំណើរការពង្រីកទទឹងផ្លូវ ដាក់លូរំដោះទឹកភ្លៀង និងសំណល់រាវ ចាប់ពីបង្គោលលេខ ១៥៩ ដល់បង្គោលលេខ ១៦៥ មានប្រវែង ៤០០០ម៉ែត្រ ក្រោមកម្ចីថវិកាពីធានាគារពិភពលោក ADB តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសាងសង់ដោយក្រុមហ៊ុនMTA សហការជាមួយក្រុមហ៊ុនស៊ីនជាំងម៉ីស៊ីនរួតអេនព្រីនគ្រុប ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណជាង ៧០ភាគរយ និងឈានទៅបញ្ចប់នៅក្នុងឆ្នាំ២០១៩នេះ។

លោកបន្តថា ទន្ទឹមនឹងការងារដាក់លូរំដោះទឹក នៅអមសងខាងផ្លូវខាងលើនេះ ក្រុមការងារផ្សេងៗទៀត បានដំណើរការធ្វើស្ពានអប់ឆ្លងកាត់ផ្លូវជាតិលេខ១ នៅតំបន់ទីប្រជុំជនក្រុងបាវិត ដើម្បីរំដោះទឹកចំនួន ៥កន្លែង បច្ចុប្បន្នសម្រេចបានជាង៨០ភាគរយ និងពង្រីកផ្លូវចាប់កៅស៊ូAC នៅអមសងខាងប្រពន្ធ័លូរំដោះទឹក ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏របស់ពលរដ្ឋដែលមានកំណើនច្រើនដែលសម្រុកមកស្វែងរកការងារធ្វើ និងចរាចរណ៍ទំនិញ ចេញពីរោងចក្រ សហគ្រាសនានា ដែលមានទីតាំង នៅបាវិតនេះ។

ជាមួយគ្នានេះ បន្ទាប់ពីបញ្ចប់ការសម្របសម្រួលការងារខាងលើ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ ក៏បានបន្តដំណើរពិនិត្យមើលទីតាំងសាងសង់អគារសាលាសង្កាត់បាវិត អគារមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ដែលកំពុងចាក់ដីបំពេញ និងត្រៀមរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ ៕