ព័ត៌មានក្នុងប្រទេស

យុទ្ធនាកាបាញ់ថ្នាំមូលនៅក្នុងឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ៦ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង និងលោក ចេង មុនីរិទ្ធ អភិបាលស្ដីទី បានអញ្ជើញដឹកនាំអាជ្ញាធរឃុំប៉ាក់ខ្លង មេភូមិ យុវជន ក១២ យុវជន ស ស យ ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចុះធ្វើយុទ្ធនាការបាញ់ថ្នាំមូល ដាក់អាបែត និងផ្សព្វផ្សាយអប់រំ ដើម្បីបង្ការជំងឺគ្រុនឈាម សហការដោយ មន្ទីរសុខាភិបាលខេត្តកោះកុង មណ្ឌលសុខភាពនាងកុក និងមណ្ឌលសុខភាពប៉ាក់ខ្លង ស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

យុទ្ធនាកានេះដែលក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានដូចជា៖

១៖ សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈ៖
* កម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក។ល។
* ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំង​ចូលក្នុងផ្ទះបានល្អ លុបបំបាត់ កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការ​ជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។

៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ៖ ដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។ល។

៤៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណា​ម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំ​ផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។ គ្រប់​ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាល​ដោយ​ខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែល​មិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ។