ព័ត៌មានក្នុងប្រទេស

ពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ២រោជ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួម ប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ចៅសង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅសាលាបឋមសិក្សា ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។
អនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០២ អនក្រ. បក ចុះថ្ងៃអង្គារ ០៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្វើការ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានសាមគ្គី សហការកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ក្រុងស្រុក ខណ្ឌមានការរីកចម្រើនលើគ្រប់វិស័យ ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយ សង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ សមិទ្ធផល និងស្នាដៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រេចបាននាពេលកន្លងមក បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើនយ៉ាងឆាប់រហ័ស សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ ជាងពីរទសវត្សរ៍ចុងក្រោយនេះជាក់ស្ដែងនៅឆ្នាំ២០១៨ កន្លងមកកម្ពុជាសម្រេចបានកំណើនសេដ្ឋបកិច្ចរហូតដល់ ៧,៥ភាគរយ គឺលើសពីការព្យាករណ៍ ៧ភាគរយតាមរយៈកំណើនសេដ្ឋកិច្ចនេះធ្វើឲ្យកម្ពុជាសម្រេចបាននៅសូចនាករក្នុងការកាត់បន្ថយភាពក្រីក្រ នៅត្រឹមរង្វង់ ១០ភាគរយ និងសម្ដេចបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនាឆ្នាំ ២០១៧ កត្តានេះ បានធ្វើឲ្យកម្ពុជាដើរតួនាទីកាន់តែសកម្មក្នុងតំបន់និងឆាកអន្តរជាតិកាន់តែទូលំទូលាយ និងការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ក៏ដូចជាអ្នកវិនិយោគនានាជាមូលដ្ឋានធ្វើឱ្យមតិជាតិ និងប្រជា ជនបោះជំហានទៅមុខកាន់តែស្វាហាប់ ។
ឯកឧត្តម បានផ្តាំផ្ញើរដ្ឋបាលក្រុងកោះរ៉ុង និងក្រុមប្រឹក្សាកោះរ៉ុងថ្មីត្រូវពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបធ្វើការ ដើម្បីលើក កម្ពស់ការទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
លោក អ៊ួង និត ប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង បានធ្វើការបេជ្ញាចិត្ត ខិតខំបំពេញភារកិច្ច ដើម្បីរួមចំណែកជួយដល់ការងារគ្រប់គ្រងដឹកនាំការងារនៅមូលដ្ឋានក្រុងកោះរ៉ុងឱ្យបានល្អប្រសើរ និងទទួលបានជោគជ័យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នៃរដ្ឋសភា ។ ស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញ ជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ។ អនុវត្តការងារស្របតាមខ្លឹមសារ នៃចរាចរ ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តព្រះសីហនុ ។ ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានសំរេចជោគជ័យ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ។ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យកាន់តែល្អប្រសើរ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញ និងភាពជឿជាក់របស់ប្រជាជនចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕