ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តបាត់ដំបង អាណត្តិទី៣

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តបាត់ដំបង អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពីធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុក នៃខេត្ដបាត់ដំបង ឯកឧត្ដមនាយឧត្ដមសេនីយ៍ គណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក- លោកស្រី ប្រធានមន្ទីរអង្គភាព អភិបាលក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានជម្រាបជូនដោយសង្ខេបអំពីស្ថានភាពរួម និងសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តបាត់ដំបង សម្រេចបាននៅក្នុងអាណត្តិទី២ នៃក្រុមប្រឹក្សាខេត្ត ជាពិសេសការងារថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការងារបង្កបង្កើនផល ការវិនិយោគឯកជន ការកសាងសមិទ្ធផលនានាដែលជាផលប្រយោជន៍សាធារណៈ និងការដោះស្រាយបញ្ហានានាដែលបានកើតឡើងនៅមូលដ្ឋាន ។

ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តបាត់ដំបង ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត ឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យថែមទៀត ។
សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាព ផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចបានគោលដៅ មូលដ្ឋានមានការអភិវឌ្ឍនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ អោយកាន់តែប្រសើរឡើង ។នៅក្នុង អាណត្តិទី៣នេះ នៃក្រុមប្រឹក្សាខេត្តបាត់ដំបង មានចំនួន ២៧រូប ក្នុងនោះ​ ឯកឧត្តម អ៊ុយ រី ត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាខេត្ត៕