ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុស-ស្រីចំនួន ៧នាក់ ជនជាតិថៃ ៦នាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រើប្រាស់គ្រឿងញៀនប្រុស-ស្រីចំនួន ៧នាក់ ក្នុងនោះជនជាតិថៃ៦នាក់ និងជនជាតិខ្មែរ១នាក់ នៅបន្ទប់ជួលលេខ១៥ ក្រោយកា​ស៊ីណូក្រែន ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ យកមកអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរចម្លើយ និងបំពេញសំណុំរឿងតាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ជនសង្ស័យទាំង៧នាក់ មានជនជាតិថៃ៦នាក់ ស្រី៤នាក់ និងជនជាតិខ្មែរ១នាក់ ១/ ឈ្មោះ ថៈណាណាត់ កឺតណយ(ហៅទី) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។ ២/ ឈ្មោះ ធុងឆៃ សីតធិ កន មេថាគុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។ ៣/ ឈ្មោះ ចាន់ថា គៀតទិគុណកាងវាន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។ ៤/ ឈ្មោះ ម៉ាលិនី ឃុងដេត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។៥/ ឈ្មោះ ស៊ីបាកផយ ម៉ុងឃុនឆៃវុធ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។ ៦/ ឈ្មោះ សិរិកានយ៉ា តែងថង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ មុខរបរ លក់អនឡាញ។ ៧/  ខៀវ តាំង (ហៅទី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន។

លោកអធិការ ក៏បានបញ្ជាក់ថា ៖ ជាមួយនឹងការបង្រ្កាបនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេររកឃើញ វត្ថុតាងរួមមាន៖ ១/- ម្សៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់។ ២/- ម្សៅម៉ត់ពណ៌ស សង្ស័យខេហិតចំនួន ០៣ កូនថង់។ ៣/-ថ្នាំគ្រាប់ចំនួន០៥បំណែក សង្ស័យថ្នាំគ្រវី មានពណ៌ប្រផេះ ចំនួន០២បំណែក, ពណ៌លឿង ០១បំណែក ,ពណ៌ផ្កាឈូក០១បំណែក និងពណ៌ផ្កាឈូកចំនួន០១បំណែកសង្ស័យWY(យ៉ាម៉ា)ជាប់នឹងក្រដាស់អាលុយមីញ៉ូម។ ៤/- បំពង់ចូកថ្នាំញៀនចំនួន០២។ ៥/- ដបកែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២។ ៦/-បំពង់កែវចំនួន ០៤ កំណាត់។ ៧/- កន្ត្រៃច្រឹបចំនួន០១។ ៨/- ដែកកេះចំនួន០៥។ ៩/- បំពង់បឺតមួយថង់។ ១០/- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១។ ១១/- ថង់កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។១២/- ទូរស័ព្ទដៃចំនួន ០៥ គ្រឿង។ ១៣/- ថ្មសាកទូរស័ព្ទចំនួន០១។

លោកអធិការបានបន្តថា ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់ ក្រុង ស្រុក អោយយកចិត្តទុកដាក់ធ្វើយ៉ាងណាចំពោះបទល្មើសគ្រឿងញៀន ត្រូវតែស្រាវជ្រាវបង្រ្កាបឲ្យដូចជាភ្លៀងរលឹម ជាលទ្ធផលកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌដោយមានការសង្ស័យ ហើយបានសុំម្ចាស់បន្ទប់ជួលត្រួតពិនិត្យបន្ទប់ដែលជនសង្ស័យស្នាក់នៅ បានប្រទះឃើញជនសង្ស័យចំនួន០៧ ក្នុងនោះស្រី០៤នាក់ និងវត្ថុតាងនោះផងដែរ។ បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីទាំង៧នាក់ រួមទាំងវត្ថុតាង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕