ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម  សរុបចំនួន៣៣៧នាក់ ស្រីចំនួន៤២នាក់ក្នុងនោះ ៖

+ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន៩៦នាក់ ស្រី១៤នាក់

+បំពាក់ឋានន្តរស័ក្តិ ចំនួន២៦០នាក់ ស្រី៣២នាក់

-ថ្នាក់អនុសេនីយ៍ឯក ១២៥នាក់ ស្រី ០៩នាក់

-ថ្នាក់អនុសេនីយ៍ទោ ៧៨នាក់ ស្រី ០៨នាក់

-ថ្នាក់អនុសេនីយ៍ត្រី ២៦នាក់ ស្រី ០៤នាក់

-ថ្នាក់ព្រិន្ទបាលឯក ២៧នាក់ ស្រី០៨នាក់

-ថ្នាក់ពលបាលឯក ០១នាក់ ស្រី០១នាក់

-ថ្នាក់ពលបាលទោ ០៣នាក់ ស្រី០២នាក់។

ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យ លោកនាយផ្នែកនគរបាលបេតិកភណ្ឌ លោកអធិការស្រុក ក្រុងទាំង១០ សរុបចំនួន៣៨៦នាក់ ស្រី៤៥នាក់។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងផែនការងារធនធានមនុស្ស បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីការតម្លើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិ និងអានអនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ និងពិធីបំពាក់ឋានន្តរស័ក្តិ។ ជាកិច្ចបន្តការរឡើងសន្យាចំពោះមុខ ដោយលោកវសេនីយ៍ឯក ខេង ស្រេង ស្នងការរងនគរបាលខេត្តកំពង់ចាមថ្មី តំណាងឱ្យមន្ត្រីនគរបាលទើបប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានអបអរសាទរដល់បងប្អូនទាំងអស់ ដែលត្រូវបានថ្នាក់ដឹកនាំមើលឃើញពីសមត្ថភាពការងារ សញ្ញាបត្រ អតីតភាពការងារ បទពិសោធន៍  ក្រមសីលធម៌ល្អ បានធ្វើការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននៅពេលនេះ និងសូមផ្តាំផ្ញើ ដល់មន្ត្រីនគរបាលទាំងអស់ខិតខំយកចិត្តទុកដាក់ធ្វើការងារទៅតាមតួនាទី និងតាមជំនាញរៀងៗខ្លួន ខិតខំរៀនសូត្រ និងទទួលយកបទពិសោធន៍ពីបងៗនៅជុំវិញខ្លួន ជៀសអោយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍   មានវិធានការបង្ការ និងបង្រ្កាបបទល្មើសជល់ផល បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ….ខិតខំប្រឹងប្រែងធ្វើការងារបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋ ឱ្យអស់ពីកម្លាំងកាយចិត្ត និងបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យទទួលបានជោគជ័យ ៕