ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ​ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ រស់ សុផានី អភិបាលនៃគណៈអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធស្ថិតក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ដែលមានកងកម្លាំង អាជ្ញាធរដែនដីប្រជាពលរដ្ឋដែលពាក់ព័ន្ធប្រមាណ ២៥០គ្រួសារ។

ក្នុងឱកាសនោះផងដែរ​ លោកជំទាវមានមតិសំណេះសំណាល​ និងពាំនាំការសាកសួរសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម អភិបាលខេត្តផងដែរ​។

ថ្លែងក្នុងអង្គពិធី​នេះ លោកជំទាវបានរំលឹកដល់ប្រជាពលរដ្ឋ​សូមប្រញ៉ាប់រួសរាន់ប្រមូលឯកសារដែលពាក់ព័ន្ធដើម្បីធ្វើការចុះបញ្ជីដីធ្លីអោយបានទាន់ពេលវេលា លោកជំទាវបានស្នើសុំអោយប្រជាពលរដ្ឋត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបង្ការជម្លោះដីធ្លី ។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងរៀបចំនគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលបានសហការបង្កើតអោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលជាការរួមចំណែកក្នុងការធ្វើអោយមានសុវត្តិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធិភាពខ្ពស់កាត់បន្ថយភាពក្រីក្រ ធ្វេីអោយមានស្ថេរភាពសង្គម និងអភិវឌ្ឃន៍សេដ្ឋកិច្ចអោយកាន់តែប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។