ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ត្រូវដើមឈើមួយដើមរលំសង្កត់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តពោធិ៍សាត់៖បុរសម្នាក់ត្រូវដើមឈើមួយដើមរលំសង្កត់បណ្តាលឲ្យស្លាប់ខណះពេលយកយករណាអារឈើរលំហើយគេចមិនទាន់។ជនរងគ្រោះឈ្មោះ ជា សុខ (ហៅញ៉ាញ់) ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយឧបទ្ទវហេតុដើមឈើរលំសង្កត់។ តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានថា ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ នាថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៩ នៅចំណុចភូមិឃុំរបស់ជនរងគ្រោះរស់នៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយករណាង៉ោង(រណាយន្ត) ទៅកាត់ដើមឈើមួយដើមនៅក្នុងភូមិរបស់គាត់ ខណៈកាត់ដាច់ពីគល់ដើមឈើនោះក៏រលំជនរងគ្រោះគេចមិនរួចបណ្តាលឲ្យដើមឈើរលំសង្កត់ស្លាប់តែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុហើយធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយករណីដើមឈើរលំសង្កត់ពិតប្រាកដមែន។

ប្រភពដដែលបានបន្តថា នេះមិនមែនលើកទីមួយទេដែលមានករណីគ្រោះថ្នាក់ដោយដើមឈើរលំសង្កត់ស្លាប់បែបនេះ តែប្រជាពលរដ្ឋនៅតែគ្មានការប្រុងប្រយ័ត្នចំពោះការកាត់ដើមឈើដូចជារូបជនរងគ្រោះជា សុខ នេះជាដើម។ ក្រោយពេលធ្វើកំណត់ហេតុរួចរាល់ហើយសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕