ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលចរាចរណ៍ ចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់កងកម្លាំងយោធា វរសេនាតូចលេខ៥១៤

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីរឹតបន្តឹង និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក កងកម្លាំងនគរបាលជំនាញចរាចរណ៍ខេត្ត សហការជាមួយមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងនគរបាលស្រុកថ្មពួក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានចុះផ្សព្វផ្សាយ និងធ្វើការណែនាំអំពីស្លាកសញ្ញាចរាចរណ៍ ដល់កងកម្លាំងយោធា វរសេនាតូចការពារព្រំដែនគោកលេខ៥១៤ នៃកងពលតូចថ្មើជើងលេខ៥១ ដែលឈរជើងនៅភូមិថ្មដែកកេះ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានកម្លាំងចូលរួម សរុបចំនួន១០០នាក់ ។ នៅក្នុងកម្មវិធីនោះដែរ ក៏មានការដាក់ជាសំណួរ​ និងឆ្លើយត្រូវ ទទួលបានពួកសុវត្ថិភាព ១ ដែលជាអំណោយរបស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ តាមរយៈលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកផងដែរ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលជំនាញចរាចរណ៍ផ្លូវគោក ជាគ្រូបង្គោល បានឲ្យដឹងថា ៖ ដោយមានការយកចិត្តទុកដាក់ និងការដាក់បទបញ្ជាដល់ការិយាល័យជំនាញ ក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវរឹតបន្តឹង និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកតាមបណ្តា សាលារៀន គ្រឹះស្ថាន និងបណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ មហាជននានា ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព ចូលរួមការអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប និងឈានដល់គ្មានគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីសុវត្ថិភាពចរាចរណ៍ គឺត្រូវចាប់ផ្តើមពីខ្លួនយើងទៅ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកឡានត្រូវដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមិនត្រូវបើកបរលឿនក្នុងទីប្រជុំជន និងលើសល្បឿនកំណត់ ឬបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

លោកនាយរងការិយាល័យ បានបន្តថា ៖ ក្នុងការផ្សព្វផ្សាយនោះដែរ លោកបានធ្វើបទបង្ហាញពីស្លាកសញ្ញាចរាចរណ៍ ដល់សិក្ខាកាមទាំងអស់បានយល់ដឹង ដូចជាភ្លើងស្តុប (ភ្លើងណាត្រូវប្រុងប្រយ័ត្ន ភ្លើងឈប់ និងភ្លើងបញ្ជាឲ្យធ្វើដំណើរ) រួមទាំងគំនូសសញ្ញាចរាចរណ៍ទាំងឡាយដែលដាក់តាមដងផ្លូវ និងទីប្រជុំជនជាដើម សម្រាប់ឲ្យអ្នកប្រើប្រាស់ផ្លូវ ត្រូវអនុវត្តតាមស្លាកសញ្ញានីមួយៗ ដែលគេដាក់តាមដងផ្លូវឬទីប្រជុំជននោះ។​ ជាមួយគ្នានោះដែរ លោកនាយរងការិយាល័យ ក៏បានផ្តាំផ្តើដល់ សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានចំណេះដឹងពីច្បាប់ចរាចរណ៍ សួមជួយផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះ ឲ្យបានទូលំទូលាយ ដល់ក្រុមគ្រួសារ សាច់ញាតិ និងបងប្អូន ក្នុងមូលដ្ឋាន ដើម្បីគាត់បានយលដឹងនិងចួលរួមគោរពច្បាប់ចរាចរណ៍ទាងអស់គ្នា។