រដ្ឋបាលរាជធានី-ខេត្ត

ពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ អបអរសាទរទិវាកុមារអន្តរជាតិ១ មិថុនា នៅមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំលោក លោកស្រី សមាជិក សមាជិកាសាខា លោកនាយកសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ ព្រមទាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខ ក៏ដូចជាចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា។

ក្នុងឱកាសនោះ ឯកឧត្ដម បានមានប្រសាសន៍ថាដោយមើលឃើញពីការលំបាក និងតម្រូវការជាក់ស្តែងរបស់ប្អូនៗកូនក្មួយទាំងអស់ក្នុងពេលបច្ចុប្បន្ន សាខាបានស្វែងរកជំនួយពីសប្បុរសជននានា រួមជាមួយថវិការបស់សាខាផ្ទាល់ ដើម្បីទិញកង់ ព្រមទាំងសម្ភារៈសិក្សាមួយចំនួនផ្តល់ជូនកូនក្មួយ សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសិក្សានៅឯសាលារៀន ហើយអ្វីដែលសំខាន់នោះសាខានឹងនៅតែបន្តជួយដល់ក្មួយៗជារៀងរាល់ខែ តាមរយៈផ្តល់ជូនជាស្បៀងអាហារ និងថវិកាដល់មណ្ឌលកុមារកំព្រា។

ឯកឧត្ដមក៏បានបន្តថា ការលំបាករបស់ក្មួយទាំងអស់គ្នាត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវជាលោកយាយរបស់កូនក្មួយទាំងអស់ តែងតែយកចិត្តទុកដាក់ នឹងផ្តល់នូវក្តីសង្ឃឹម ភាពកក់ក្ដៅ នឹងក្តីស្រឡាញ់ នឹងមិនទុកឱ្យក្មួយណាម្នាក់ឯកការឡើយ ដូច្នេះហើយសូមក្មួយៗបន្តរខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីជាសរសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមសាខាស្ទឹងត្រែង បានប្រគល់ជូនមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ក្នុងខែទី៦នេះ រួមមាន៖ កង់ចំនួន១៦គ្រឿង អង្ករ១០០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអីវ២យួរ សៀវភៅសរសេរ ៣៦០ក្បាល ប៊ិច ២០០ដើម វចនានុក្រមអេឡិចត្រូនិច កាណាតិចចំនួន ១៦គ្រឿង និងថវិកាចំនួន១.០៥០.០០០៛ និងប្រាក់ដុល្លារចំនួន១២០ដុល្លារ ដើម្បីផ្តល់ជូនក្នុងឱកាសនោះផងដែរ៕