ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាល​ខេត្ត​កំពង់ចាម​ ហូប​នំបញ្ចុក​សាមគ្គី​ជាតិ​ និងឯកភាពជាតិ​ ជាមួយ​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​កោះ​សំរោង​ ស្រុក​កំពង់​សៀម

ខេត្តកំពង់ចាម​ ៖​​ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នាព្រឹក​ថ្ងៃ​ទី០​៩​ ខែមិថុនា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និងលោកជំទាវ​ អ៊ូ​ ធីតា​ពៅ បានអញ្ជេីញហូបនំបញ្ចុកសាមគ្គីជាតិ​ ឯកភាព​ជាតិ​​ ជាមួយបងប្អូនប្រជាពលរដ្ឋ​ ប្រមាណ​ជាង​៣០០០​នាក់​ នៅ​វត្តឥន្ទកោសី​ ចុងកោះជ្រូក​ ស្ថិត​ក្នុង​ភូមិ​ទី៤ ឃុំកោះសំរោង​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា ការហូបនំបញ្ចុកថ្ងៃនេះ គឺដើម្បីបង្ហាញអំពីមិត្តភាព សាមគ្គីភាព ការស្រលាញ់រាប់អាន និងឯកភាពជាតិយើងកាន់តែរឹងមាំថែមទៀត ស្របពេលដែលបងប្អូនប្រជាពលរដ្ឋបាន​និងកំពុងរស់នៅក្នុងភាពសុខសាន្ត ក្រោម​ដំបូល​នៃសុខសន្តិភាព​ ដោយ​មាន​ការ​អភិវឌ្ឍរីកចម្រើន​ជា​បន្តបន្ទាប់​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ ​អភិបាល​ខេត្ត​ ក៏បាន​ថ្លែង​អំពី​គោលនយោបាយ​​គាំពារ​សង្គម​ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ឲ្យ​អនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ ផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ​ នៃគ្រួសារ​ក្រីក្រ​ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព​​ ដេីម្បី​ឲ្យ​ប្រជាពលរដ្ឋ​​ស្វែងយល់​ពី​សារៈប្រយោជន៍​ នៃ​ការ​ថែទាំ​សុខភាព​មាតា​ និងទារក​ ហើយ​ទទួល​បាន​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល​ផង​ដែរ​ ។

ជាមួយ​គ្នា​នោះ​ ឯកឧត្តម​ ​អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋ​ ឲ្យ​​ចូលរួម​ទប់ស្កាត់​ រាល់ឧបាយកលទុច្ចរិត​ ដែលធ្វើ​ឲ្យ​សង្គមបង្កអស្ថិរភាព ហើយ​ត្រូវ​រួមគ្នាថែរក្សានូវ​សុខសន្តិភាព​ឲ្យ​បាន​គង់វង្ស​ ដេីម្បី​ធ្វើ​ការ​​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​​​រីកចម្រើន​បន្ត​ទៅមុខទៀត​ផងដែរ​ ៕