ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បើកកិច្ចប្រជុំពិធីបិទ​សវនកម្មផ្ទៃក្នុង សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ២០១៨ និង​បណ្ដាឆ្នាំពាក់ព័ន្ធ

ខេត្តកំពង់ឆ្នាំង​៖​ នៅរសៀល​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ បាន​បើកកិច្ចប្រជុំពិធីបិទ​សវនកម្មផ្ទៃក្នុងសម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ២០១៨ និង​បណ្ដាឆ្នាំពាក់ព័ន្ធ​ដោយកិច្ចប្រជុំ​បិទ​សវនកម្មនេះ មាន​ការអញ្ជើញ​ជាអធិបតី​ពី​សំណាក់​ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង​ ឯកឧត្តម ជឺ​ សាន​ អគ្គនាយរង​សវនកម្មផ្ទៃក្នុង​ នៃអគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុងក្រសួង​មហាផ្ទៃ​ និង​មាន​ការ​ចូល​រួម​ពី​លោក លោកស្រី​ប្រតិភូ​អគ្គនាយកដ្ឋាន​សវកម្មផ្ទៃក្នុង​ លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត​ នាយក នាយករងទីចាត់ ប្រធាន​អង្គភាព​ និង​មន្ត្រីជំនាញពាក់ព័ន្ធ​។

ជាលទ្ធផល​ ឯកឧត្តម ​ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​ បានទទួល​យក​អនុសាសន៍​​ល្អៗ ដើម្បី​កែលំអរ​ដែល​សវនករ​បាន​ចុះ​សវកម្ម​លើ​ឯកសារ​ និង​ការ​អនុវត្ត​ការងារ​ផ្សេងៗ​ដែល​បាន​វិភាគ និង​រកឃើញថា​នៅ​មាន​ចំណុច​ខ្វះខាត។

ព្រមជាមួយគ្នានោះដែរ នៅ​ក្នុង​របាយការណ៍​សវនកម្ម​ផ្ទៃក្នុង​ ក៏បាន​លើក​ឡើង​ពី​ការរីក​ចម្រើន​របស់​ខេត្ត​កំពង់ឆ្នាំង ដែល​បច្ចុប្បន្ន​នេះ ខេត្ត​កំពង់ឆ្នាំង​ ក្រោមការដឹកនាំរបស់​ឯកឧត្តម​អភិបាល​ខេត្ត​ ឃើញ​ថា​មាន​ការ​រីក​ចំរើន​គួរឱ្យ​កត់​សម្គាល់​។

ទន្ទឹម​នឹង​មានការរីក​ចម្រើននោះ ឯកឧត្ត​ម​អគ្គនាយក​រង ក៏បាន​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​សេចក្ដីណែនាំ​ និង​ខ្លឹម​សារគតិយុត្ត​ផ្សេងៗទៀត​ដើម្បីលុប​បំបាត់​ភាព​អសកម្ម​មួយ​ចំនួន​តូច​ និង​ធ្វើយ៉ាង​ណា​ឱ្យ​រដ្ឋបាល​ខេត្ត​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​ និង​មានការអភិវឌ្ឍបន្តបន្ទាប់ទៀត ៕