ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនពិរុទ្ធជនម្នាក់ ពីបទចាប់ឃុំឃាំង ឬបង្ខាំងមនុស្សដោយខុសច្បាប់ នៅច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប

ខេត្តសៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលពិរុទ្ធជនម្នាក់ពីកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តអន្តរជាតិសៀមរាប ពីបទចាប់ឃុំឃាំង ឬបង្ខាំងមនុស្សដោយខុសច្បាប់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង១០នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖ ពិរុទ្ធជនរូបនេះ មានឈ្មោះ LYU FEIFEI ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ។

លោកបានបន្តទៀតថា ការឃាត់ខ្លួនពិរុទ្ធជនរូបនេះ គឺអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តសៀមរាប លេខ ៧២ ដចជ”ក”/១៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ពីបទចាប់ឃុំឃាំង ឬបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ ប្រព្រឹត្តិទៅកាលពីថ្ងៃទី ១២-១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្រោយត្រូវបានឃាត់ខ្លួនពិរុទ្ធជនរូបនេះ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត នឹងបន្តបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕