ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្រ្តី២នាក់បើកម៉ូតូឌុបគ្នាត្រូវរថយន្តរេចង្កូតបុកចំពីមុខបណ្តាលអោយស្លាប់បាត់បង់ជីវិត

កណ្ដាលៈ ស្រ្តី២នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ខណៈកំពុងបើកបរម៉ូតូឌុបគ្នា ត្រូវបានរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងបើកដោយល្បឿនលឿន រេចង្កូតមកឆ្វេង ជ្រុលមកបុកម៉ូតូស្រ្តីរងគ្រោះពេញមួយទំហឹង កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់២នាក់ ទី១-ឈ្មោះ សុឹម អុីម ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កសិករ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Z -1290 និងទី២- ឈ្មោះ សុឹម អាន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កសិករ (ជាអ្នករួមដំណើរ) ។ ស្រ្តីរងគ្រោះទាំង២នាក់ ត្រូវជាប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែករថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2 A -0812 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណ រត់គេចខ្លួន ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្តីរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូង ទៅជើង ( ជ្រៃធំ.តាខ្មៅ ) ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កម៉ាកសាំងយ៉ុង បើកបរទិសដៅច្រាស់គ្នា បើកដោយល្បឿនលឿន បានរេចង្កូតមកឆ្វេង ជ្រុលទៅបុកម៉ូតូស្រ្តីរងគ្រោះចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យស្រ្តីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុក បានចុះមកអន្តរាគមន៍ ពិនិត្យវាស់វែង រួចកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព
ស្ត្រី២នាក់ ត្រូវបាននគរបាលជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្ត បើកមានល្បឿនលឿន ធ្វេសប្រហែស មិនប្រកាន់ស្តាំ ទើបរេចង្កូត ទៅបុកម៉ូតូ បណ្ដាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំង២នាក់តែម្ដង ៕