សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃរដ្ឋលេខាធិការអគ្គនាយកដ្ឋានអន្តោប្រវេសន៍

កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី​ និងការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត សម្រាប់ខែឧសភា ឆ្នាំ២០១៩ និងទិសដៅការងារមុនថ្ងៃបញ្ចប់ឱសានវាទ

រាជធានីភ្នំពេញ​ ៖​ នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក​ ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ បានរៀបចំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី​ និងការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត សម្រាប់ខែឧសភា ឆ្នាំ២០១៩ និងទិសដៅការងារមុនថ្ងៃបញ្ចប់ឱសានវាទ ក្រោមអធិបតីភាព ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមអង្គភាពពាក់ព័ន្ធជាតិ​ និងអន្តរជាតិជាច្រើន ។

តាមរបាយការណ៍​លទ្ធផលបូកសរុបពីដំបូងដល់ថ្ងៃទី ៣១​ ខែឧសភា​ ឆ្នាំ ២០១៩
១. ការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី
-បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីចំនួន​ ៣៦,០៩៤​ ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន​ ១៩,៣៩៥​ គ្រួសារ​ គិតជាមនុស្សរួមចំនួន​ ៦៨,៨០១នាក់​ ស្រី​ ៣៣,០៣៦​ នាក់។
២.​ ការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត
-បានផ្ដល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត​អោយប្រេីប្រាស់​ គិតជាមនុស្សរួមចំនួន​ ៥២,៧១០នាក់​ ស្រី​ ២៥,៣១៦នាក់​ ក្នុង​ ១៧,០៧៥គ្រួសារ។
៣.​ ការទទួលពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
-បានផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍អោយជនបរទេសអន្តោប្រវេសន្ត​ប្រេីប្រាស់​ ២១,៨១២នាក់​ ស្រី​ ១០,៣១៥នាក់​ មានសុពលភាព​ ០២ឆ្នាំ។

ចំពោះទិសដៅ​ ៖
-បន្តការងារដកហូតឯកសារ​ ជម្រុញការដាក់ពាក្យសុំទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត​ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍​ ដែលនៅសេសសល់ឲ្យបានអស់ចប់សព្វគ្រប់តាមភូមិសាស្ត្រនីមួយៗ។
-បន្តធ្វើរបាយការណ៍បូកសរុបនៅថ្នាក់រាជធានីខេត្ត​ ពេលចប់ឱសានវាទ​ ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ ២០១៩។
-ត្រៀមការងារបូកសរុបដើម្បីបូកសរុបបិទបញ្ចប់យុទ្ធនាការ​ និងធ្វើបញ្ជីទទឹងគ្រួសារជនបរទេសដែលបានចេញប្រកាសទទួលស្គាល់​ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅទូទាំងប្រទេស​ ដើម្បីដាក់ជូនក្រសួងប្រថាប់ត្រាជាផ្លូវការ។
-ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារដោះស្រាយបញ្ហាជនបរទេស​ បែបអន្តោប្រវេសន៍ជូនរាជរដ្ឋាភិបាល។