ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ក្រុងសិរីសោភ័ណ​ រៀបចំកិច្ចប្រជុំសាមញ្ញ​ អាណត្តិ​ទី២​ លើកទី៦០​ ជាលើកចុងក្រោយ​របស់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩ម្សិលមិញ ក្រុមប្រឹក្សា​ក្រុងសិរីសោភ័ណ​ បានរៀបចំកិច្ចប្រជុំសាមញ្ញ​ អាណត្តិ​ទី២​ លើកទី៦០​ ជាលើកចុងក្រោយ​ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ ក្រោមវត្តមានលោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុង​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ​ សមាជិក​-សមាជិកា​ក្រុមប្រឹក្សា​ក្រុង​ លោក​ លោកស្រី អភិបាលរងក្រុង និងអ្នកពាក់ព័ន្ធ​បានចូលរួម​ ។

កិច្ចប្រជុំផ្តោតលើរបៀបវរៈចំនួន៣ ៖ ១-ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាអាណត្តិទី២ ។ ២-ពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងសិរីសោភ័ណ ។ ៣-ពិនិត្យពិភាក្សា និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់ប្រចាំខែឧសភា ឆ្នាំ២០១៩ ។ រួមនឹងការលើកឡើងសំនួរ ចម្លើយ និងការបញ្ចេញមតិយោបល់ និងបានលើកឡើងពីបញ្ហាប្រឈមផ្សេងៗ ។

លោក​ ជាម​ សុខ​ និងលោក​ ហ៊ឹល​ រ៉ាយ៉ា​ បានថ្លែងការកោតសរសើរ​ ចំពោះសមាជិក-សមាជិកាក្រុង អាណត្តិទី២​ ដែលបានចូលរួមបម្រើការងារ​ ផ្សេងៗជូនប្រជាពលរដ្ឋនាពេលកន្លងមកបានយ៉ាងល្អប្រសើរ និងមានការកោតសរសើរពីមជ្ឈដ្ឋានខាងក្រៅ លើការដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា​ ដែលទាំងនេះគឺជាអ្វីដែលយើងទទួលបាន​ និងមានការឆ្លើយពីតបកោតសរសើរពីពលរដ្ឋដែលទទួលបានសេវា​ ។ បើទោះបីសមាជិក-សមាជិកា​ អាណត្តិទី២​ ត្រូវដល់អាណត្តិក៏ដោយ​ ក៏យើងនៅតែរួមគ្នា​ ដោះស្រាយ​រាល់បញ្ហាដែលមាននៅមូលដ្ឋាន​ យើងត្រូវជួយណែនាំបន្ថែម​ ដល់សមាជិក-សមាជិកា​ អាណត្តិថ្មី​ នូវបទពិសោធន៍​កន្លងមក​ ។ លោក​ ហ៊ឹល​ រ៉ាយ៉ា​ បានប្រសិទ្ធពរជ័យ​ជូនចំពោះសមាជិក-សមាជិកា​ ដែលត្រូវបញ្ចប់អាណត្តិ​ ទទួលបានសុខភាពបរិបូណ៌​ កម្លាំងកាយ​មាំមួន​ និងបន្តជួយដល់ពលរដ្ឋនៅតាមមូលដ្ឋានបន្តទៀ​ត​ ។ ជាមួយគ្នានោះ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ​ បានជម្រុញដល់អ្នកពាក់​ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានផុសផុលទាក់ទិននឹងជម្ងឺគ្រុនឈាមដែលកំពុងតែកើតមាន​ ដោយរដូវនេះជារដូវវស្សាមានការធ្លាក់ភ្លៀងច្រើន​ ហើយក៏សំបូរទៅដោយជម្រកមូសខ្លា​ ដែលវាបង្កឲ្យកើតមាននូវជម្ងឺគ្រុនឈាម​ មិនថាតែកុមារ​ ឬមនុស្សធំឡើយ​ គឺអាចកើតមានគ្រប់ពេលបើយើងមានការធ្វេសប្រហែស​ ពិសេសត្រូវដេកនៅក្នុងមុងឲ្យបានជាប្រចាំ​ ៕​