រដ្ឋបាលរាជធានី-ខេត្ត

អបអរសាទរ!ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន ៣ខ្សែ ស្ថិតក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង ទៅកាន់ ស្រុកសៀមបូក

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង ទៅកាន់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង តភ្ជាប់ពីផ្លូវជាតិលេខ៧។ ក្នុងពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណយ៉ាងច្រើនកុះករផងដែរ។

តាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តបានឲ្យដឹងថា៖ ផ្នែកហេដ្ឋារចនាសម្ពន្ធ័ដែលគាំទ្រថវិកាដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានផ្លូវចំនួន ៣ខ្សែ ប្រវែង ១៤.០០០ម៉ែត្រ មានទទឹង ៥ ម៉ែត្រ ក្រាលគ្រួសល្បាយ អាចម៍ផ្កាយ មានលូកាត់ទទឹងផ្លូវចំនួន ៥កន្លែង។ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានគូសបញ្ជាក់បន្ថែមថា៖ ឆ្នាំ២០១៩ នេះខេត្តស្ទឹងត្រែង បានទទួលគម្រោង អនុវត្តដោយ កំលាំងកងវិស្វកម្ម ក្រសួងការពារជាតិ អណាបក្សក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងស្ថាបនាផ្លូវចំនួន ១ ខ្សែ ក្នុងស្រុកសៀមបូក ប្រវែង១១.១០០ម៉ែត្រ បន្ថែមទៀត។

ឯកឧត្តម ឡូយ សុផាត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។ ឯកឧត្តមអ្នកតំណាងរាស្រ្តបានជម្រាបជូនពីការវិវត្តរីកចំរើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្តចអគ្គមហាសេនាបតីតេជោ បាននាំប្រទេសជាតិមានសុខសន្តិភាព ហើយកសាងប្រទេសជាតិបានថ្កុំថ្កើងរុងរឿងមកដល់បច្ចុប្បន្ន និងទៅអនាគត់។

ក្នុងឱកាសនោះក៏នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្រាប់ជូនប្រជាពលរដ្ឋចូលរួមចំនួន ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ ផងដែរ។