ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អនុគណៈកម្មការ​សុវត្តិភាព​ចរា​ចរណ៍​ផ្លូវគោកខេត្តប៉ៃលិនប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

ខេត្តប៉ៃលិន៖​ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងគ្រប់​លំដាប់ថ្នាក់ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្សទូទាំងខេត្តប៉ៃលិនបានប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោម​ប្រ​ធានបទ( រួមគ្នាគាំទ្រការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ ដែលពីធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តនិងជាតំណាង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តនិង​ជាប្រធានអនុគណៈកម្មការ​សុវត្តិភាព​ចរា​ចរណ៍​ផ្លូវគោកខេត្តប៉ៃលិន ។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការបា្ររព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២នៅពេលនេះដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ទូទាំងខេត្ត សំដៅដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងអស់ អោយខិតខំផ្លាស់ប្ដូរឥរិយាបថដែលមិនគោរពច្បាប់ ពីមុនអោយមកប្រកាន់យកការគោរពច្បាប់ចរាចរណ៍ រួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ឯកឧត្តមលើកឡើងថា ៖ការគ្រោះថ្នាក់បណ្តាលមកពីកត្តា៣សំខាន់ៗគឺៈ ទី១.កត្តាមនុស្ស​​មិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់មួកសុវត្តិភាព និងមិនពាក់ខ្សែក្រវ៉ាត់ជា ដើម។ ទី២.កត្តាយានជំនិះ អ្នកប្រើប្រាស់យានជំនិះមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដូចជាហ្វ្រាំងមិនស៊ី កង់ចាស់ភ្លើងមិនភ្លឺ ស៊ីផ្លេមិនឮជាដើម។ និងទី៣.កត្តាផ្លូវៈ ផ្លូវគ្រលុក ផ្លូវកោងខ្លាំង ផ្លូវធំតែស្ពានតូចចង្អៀត និងលើផ្លូវមិនទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍ ដូច្នេះសូមអោយអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្ដេច ហ៊ុន សែន ថ្ងៃនេះ និងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវតែពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមម៉ូតូនិងត្រូវដាក់ខ្សែក្រវ៉ាត់សុវត្តិភាពពេលជិះរថយន្ត។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍ មិនត្រូវបើកបរក្នុងស្ថានភាពងងុយគេងឡើយ និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ ទើបអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។
បើតាមរបាយការណ៍លោក អ៊ាត សារ់ាត់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងជាអនុប្រធានអនុគណៈកម្មការ​សុវត្តិភាព​ចរា​ចរណ៍​ផ្លូវគោកខេត្តប៉ៃលិនបានអោយ ឲ្យដឹងថាៈគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តនៅក្នុងឆ្នាំ២០១៩ ចាប់ពី​ខែ​មករាដល់ខែឧសភា ​មានករណីកើតឡើងសរុបចំនួន២០លើក មានមនុស្សរង​របួស​ធ្ងន់ចំនួន​២១នាក់ស្រី០៦​នាក់ មនុស្សរងរបួសស្រាលចំនួន១៦នាក់ ស្រី០៣នាក់ មនុស្ស​ស្លាប់​​ចំនួន០៦នាក់ ស្រី០១នាក់។ ក្នុងនោះដែរក្រុមលេខាធិការដ្ឋាន​នៃអនុគណៈ​កម្មការ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោកបានចែកមួកសុវត្ថភាពអស់ចំនួន​២៩០មួក។និងបានត្រួត​ពិនិត្យ​​​រថយន្តបានចំនួន៧១៧គ្រឿង រថយន្តមានឯកសារគ្រប់គ្រាន់​និងត្រឹមត្រូវតាម​លក្ខណៈ​​បច្ចេកទេសចំនួន៥២៩គ្រឿង និងរថយន្តមិនមាន​ឯកសារគ្រប់គ្រាន់​ចំនួន​១៩១​គ្រឿង។
ក្នុងឱកាសនោះដែរឯកឧត្តម ចេង ញ៉ាន់ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កង​កំលាំងគ្រប់​លំដាប់ថ្នាក់ ព្រះសង្ឈ លោកគ្រូ​ អ្នកគ្រូ​ សិស្សា​នុសិស្សទូទាំងខេត្ត​ប៉ៃលិន​ក៍បានដង្ហែរក្បួន ផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលចាប់ផ្តើមពីចំណុច​វត្ត​រតន​សោភ័ណ្ឌ(ហៅវត្តកោងកាង)រហូតដល់ផ្សាប៉ាហ៊ី ឡើងមកចំណុចវិមាន​ឯក​រាជ្យវិញ ។