ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន បង្ក្រាបបានករណីលួចគាស់តូបលក់ទូរស័ព្ទដៃនៅក្នុងផ្សារប៉ាហ៊ី

ខេត្តប៉ៃលិន៖ បន្ទាប់ពីទទួលបណ្តឹងពីឈ្មោះ សុទ្ធ វ៉ាន់សៀម ម្ចាស់តូបលក់ទូរស័ព្ទដៃក្នុងផ្សារប៉ាហ៊ី លោកឧត្តមសេនីយ៍ត្រី អ៊ីវ គឹមស៊ាន ក៏បានបញ្ជាកំលាំងសមត្ថកិច្ចចុះស្រាវជ្រាវនឹងស៊ើបអង្កេតភ្លាមៗតែម្តង ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីពិនិត្យមើលកន្លែងកើតហេតុ ស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកាម៉េរ៉ាសុវត្ថិភាពនៅជុំវិញផ្សារនិងតូបអាជីវករ ដោយបានប្រើប្រាស់តាមវិធានការណ៍រួចមកទើបសមត្ថកិច្ចយើងបានកំណត់បានមុខសញ្ញាបានភ្លាមៗតែម្តង។ លោកឧត្តមសេនីយ៍ត្រី បានបន្តថាលុះដល់វេលាម៉ោង ៥ល្ងាច នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ កំលាំងជំនាញក៏បាននាំខ្លួនឈ្មោះ ចាន់ វណ្ណះ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរស្នាក់នៅជាបុគ្គលិកហាងលក់ទូរស័ព្ទដៃ លីនណា ដែលមានតូបលក់ទូរស័ព្ទដៃជាប់គ្នាតែម្តង ហើយកំលាំងជំនាញយើងក៏បានយកមកសាកសួរនៅការិយល័យនគរបាលព្រហ្មទណ្ឌ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពនិងទទួលស្គាល់ថា ខ្លួនពិតជាបានចូលលួចទូរស័ព្ទដៃពីតូបរបស់ឈ្មោះ សុទ្ធ វ៉ាន់សៀម ដែលនៅក្បែរកន្លែងហាងស្នាក់នៅរបស់ខ្លួនពិតប្រាកដមែន ហើយក្រោយពីគាស់តូបលួចបានទូរស័ព្ទដៃមួយចំនួនហើយនោះក៏បានយកទៅលាក់ទុកនៅក្រោយហាងលក់ទូស័ព្ទដៃ លីនណា ដែលជាកន្លែងខ្លួនធ្វើការនិងស្នាក់នៅនោះតែម្តង។
ចំពោះវត្ថុតាងដែលដកហូតពីជនសង្ស័យមកវិញបានរួមមាន៖ ទូរស័ព្ទដៃម៉ាក OPPO F11 Pro ចំនួន ០៣គ្រឿង, ទូរស័ព្ទដៃម៉ាក OPPO F11 ចំនួន ០២គ្រឿង, ទូរស័ព្ទដៃម៉ាក OPPO A3s ចំនួន ០២គ្រឿង, និងទូរស័ព្ទដៃម៉ាក HAUWEI ចំនួន ០១គ្រឿង គិតសរុបជាទឹកប្រាស់សរុបចំនួន ២,២៤៤ដុល្លារ។
សូមរំលឹកថា៖ កាលពីយប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ មានករណីចោរលួចគាស់តូបលក់ទូរស័ព្ទដៃមួយកន្លែងនៅផ្សារសាមគ្គី (ហៅផ្សាប៉ាហ៊ី) ដែលស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានម្ចាស់ឈ្មោះ សុទ្ធ វ៉ាន់សៀម ភេទប្រុស អាយុ ៣២ឆ្នាំ ជាមន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តប៉ៃលិន ដោយបាត់បង់ទូរស័ព្ទម៉ាក់ទំនើបៗ ចំនួន ០៨គ្រឿង។