ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលចាប់ខ្លួនបុរសម្នាក់ក្រោយពីយកអង្រែបុកគ្រឿងវាយទៅលើប្អូនថ្លៃខ្លួនឯងបណ្ដាលឲ្យរងរបួសយ៉ាងដំណំនៅស្រុកពញាឮ

កណ្ដាលៈ បុរសម្នាក់ ត្រូវបាននគរបាលស្រុកពញាឮ ធ្វើការឃាត់ខ្លួន ក្រោយពីបុរសសង្ស័យខាងលើ បានមានទំនាស់ពាក្យសម្ដីគ្នាជាមួយប្អូនថ្លៃខ្លួន ឈានដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក ធ្វើឲ្យបុរសសង្ស័យយកអង្រែបុកគ្រឿងដែលនៅក្បែរខ្លួនមកវាយទៅលើប្អូនថ្លៃខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីខាងលើនេះ បានកើតឡើង នៅថ្ងៃព្រហស្បត៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ផែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រីឯជនរងគ្រោះឈ្មោះ ហ៊ាន សៀងហ័ន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាបងប្អូនថ្លៃនឹងគ្នា មានទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានអង្រែឈើមូលសំរាប់បុកគ្រឿង១ ប្រវែង០,២១ម៉ែត្រ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យជាបងថ្លៃ បានទៅទិញស្រាចំនួន១លីត្រ យកមកផឹកក្រោមផ្ទះឪពុកក្មេករបស់ខ្លួន ជាមួយនិងប្អូនថ្លៃម្នាក់ទៀតឈ្មោះ ឆាត ។ ខណៈដែលកំពុងផឹក ស្រាប់តែជនរងគ្រោះជាប្អូនថ្លៃឈ្មោះ ហ៊ាន សៀងហ័ន បានមកអង្គុយលេងនៅលើគ្រែក្បែរជនសង្ស័យផឹកដែរ ភ្លាមនោះ ជនសង្ស័យក៏មើលមុខជនរងគ្រោះក្នុងលក្ខណៈឌឺដង ដោយមានការងឿងឆ្ងល់ ភ្លាមនោះជនរងគ្រោះក៏បានសួរទៅជនសង្ស័យវិញថា៖ ម្តេចក៏មើលមុខអញម្ល៉េះ? ភ្លាមនោះជនសង្ស័យ បានឆ្លើយតបវិញថា៖ ម្តេចមើលមុខអត់បាន មុខដាំពេជ្រមែន? ។ បន្ទាប់ពីមើលមុខឌឺដងដាក់គ្នារួច ស្រាប់តែជនសង្ស័យនិងជនរងគ្រោះ បានប្រតាយប្រតប់គ្នា ទៅវិញទៅមក ឆ្លៀតពេលនោះ ជនសង្ស័យ បានយក អង្រែបុកគ្រឿង ដែលទុកនៅលើគ្រែ មកកាន់វាយទៅលើជនរងគ្រោះ ចំចញ្ចើមភ្នែកខាងស្តាំចំនួន១អង្រែ និងវាយក្បាលព្រមទាំងយកអង្រែទៅបុកមាត់របស់ជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះមានរបួសយ៉ាងដំណំ ភ្លាមៗនោះ ឪពុកក្មេក និងប្រពន្ធរបស់ជនរងគ្រោះ បានជួយឃាត់ បំបែកចេញពីគ្នា រហូតមកដល់ថ្ងៃទី២៤ ខែឆ្នាំដដែល វេលាម៉ោង១៤និង៣០នាទី ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី ៕