រដ្ឋបាលរាជធានី-ខេត្ត

ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ជនពិការ និងគ្រួសារក្រីក្រចំនួន៩គ្រួសារ នៅស្រុកកែវសីមាទទួលអំណោយមនុស្សធម៌ពីរសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ជនពិការ និងគ្រួសារក្រីក្រចំនួន ០៩គ្រួសារ ស្ថិតនៅភូមិឆ្នែងក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ជនពិការ និងរងគ្រោះដោយប្រការផ្សេងៗ។
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ជាក់ស្តែង ជនរងគ្រោះ ជនពិកា និងគ្រួសារក្រីក្រចំនួន០៩គ្រួសារ ទទួលអំណោយមនុស្សធម៌មួយចំនួនពីកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ឱ្យតែកន្លែងណាមានការលំបាក និងរងគ្រោះដោយប្រការផ្សេងៗ គឺតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេស រដូវនេះ ជារដូវវស្សា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុភ្លៀងផ្គរ រន្ទះ និងរកកន្លែងមានសុវត្ថិភាព និងត្រៀមលក្ខណៈបង្ករបង្កើនផល ព្រោះរដូវវស្សាបានចូលមកដល់ហើយ។
តាមការលើកឡើងរបស់លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា អំណោយដែលចែកជូនដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ប៉ើងដំបូលផ្ទះ ជនពិការ និងគ្រួសារក្រីក្រចំនួន០៩គ្រួសារ នាពេលនេះ រួមមាន៖ ក្នុងមួយគ្រួសារ ទទួលបានអង្គរ២៥គីឡូក្រាម ឃីត១កញ្ចប់ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា តង់ កន្ទេល និងថវិកា៥ម៉ឺនរៀល ចំណែកជនពិការពីរនាក់ទៀត បន្ថែមរទេះរុញ១ម្នាក់ ដោយឡែក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយលោក ណយ ច័ន្ទតារា អនុប្រធាន និងជាប្រធានក្រុមការងារ​ ស.ស.យ.ក​ ស្រុក និងសហការី បានចូលរួមឧបត្ថម្ភថវិកា៦០ម៉ឺនរៀល ដើម្បីចាត់ចែងទិញជាស័ង្កសី និងជួយប្រក់ដំបូលផ្ទះជូនគ្រួសាររងគ្រោះទាំងពីរគ្រួសារ។ ចំណែក អនុសាខាសម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុក បានបន្ថែមថវិកា១៣ម៉ឺនរៀល រីឯលោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឧបត្ថម្ភក្នុងមួយគ្រួសារ២ម៉ឺនរៀលផងដែរ៕