ព័ត៌មានក្នុងប្រទេស

រដ្ឋបាលខេត្តកោះកុងបានរៀបចំទិវាជាតិនៃការចងចាំនិងពិធីគោរពវិញ្ញាណក្ខន្ធ ២០ឧសភា និងឧទ្ទិសកុសលជូនជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ខេត្តកោះកុង៖ ថ្ងៃចន្ទ ២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩
រដ្ឋបាលខេត្តកោះកុងបានរៀបចំទិវាជាតិ នៃការចងចាំ និងពិធីគោរពវិញ្ញាណក្ខន្ធ ២០ ឧសភា និងឧទ្ទិសកុសលជូនជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំង លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ដែលបាន ប្រព្រឹត្តិទៅ នៅវត្តជោត្តញ្ញាណ។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ ២០ ឧសភា ២០១៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រប្រជាជនកម្ពុជានេះ ធ្វើឡើងដើម្បីរំលឹក វិញ្ញាណក្ខន្ធ ជូនចំពោះប្រជាជន ព្រះសង្ឃ វីរៈជនស្នេហាជាតិ និងប្រជារាស្ត្រស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្រោមស្នាដៃ នៃរបបប្រល័យពូជសាសន៍ ដែលបានកាន់កាប់ត្រួតត្រាដឹកនាំប្រទេសរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលធ្វើឲ្យជីវិតប្រជារាស្ត្រជាង ៣លាន នាក់បាត់បង់ និងរាប់លាននាក់ទៀតត្រូវព្រាត់ប្រាស់ បែកបាក់គ្រួសារ បងប្អូន ក្លាយជាស្រ្តីមេម៉ាយ ក្មេងកំព្រារ និងជនពិការជាដើម។ លោកជំទាវ បន្តថា ការបាត់បង់អាយុជីវិតប្រជាជនជាង ៣លាន នាក់នេះ គឺមិនមែនជាកាកំណត់កត្តាធម្មជាតិទេ គឺជាអត្តនោម័តយ៉ាងពិតប្រាកដ របស់ពួកមេឃាតករប្រល័យពូជសាសន៍ ជាទមិឡឥតសាសនា គ្មានមនោសញ្ចេតនា គ្មានមនុស្សធម៌ សីលធម៌ មានតែចិត្តខ្មៅឧក្រិដ្ឋ សាហាវព្រៃផ្សៃយង់ឃ្នង់ផ្តាច់ការតែប៉ុណ្ណោះ ។ ដោយនឹកឃើញឡើយវិញនូវ សកម្មភាព និងទង្វើដ៏ឈឺចាប់នេះហើយ ដែលកូនខ្មែរនៅសេសសល់ពីការកាប់សម្លាប់ នៅមានអារម្មណ៍រន្ធត់ក្តុកក្តូល នៃវិនាសកម្មដែលមិនអាចពំភ្លេចបាន និងចង់ចាំអស់មួយជីវិតចំពោះការពលីជីវិត របស់វីរៈជនកងទ័ពស្នេហាជាតិ។ ដើម្បីតបស្នងសងគុណដល់វិញ្ញាណក្ខន្ធ របស់ប្រជាជនទាំងអស់ ដែលបានបាត់បង់ជីវិតយ៉ាងវេទនាខ្លោចផ្សាជាទីបំផុតនោះ ក៏ដោយសារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលយើងទាំងអស់គ្នាត្រូវបន្តពង្រឹង និងលើកកំពស់តួនាទី ក្នុងបុព្វហេតុជាតិ មាតុភូមិ ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងគ្រប់ថ្នាក់ រក្សាស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍៕