រដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកពញាឮ

ខេត្តកណ្តាល៖មន្ត្រីគណបក្សទាំងអស់ត្រូវពង្រឹង និងពង្រីកសមាជិករបស់គណបក្ស ពង្រឹងនិងពង្រីកនូវស្មារតីសាម្គីភាព ឯកភាពគ្នាឲ្យបាន រឹងមាំបន្ថែមទៀត នេះជាការលើកឡើងរបស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាឮ នៃខេត្តកណ្តាល ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក គណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាស្រុក សាខាគណបក្សការិយាល័យអង្គភាពជុំវិញស្រុក និងអង្គបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សស្រុកពញាឮ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កត្តាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគឺពិតជាមានសារៈសំខាន់ណាស់ ដូចនេះមន្ត្រីគណបក្សទាំងអស់ត្រូវពង្រឹង និងពង្រីកសមាជិករបស់គណបក្ស ពង្រឹងនិងពង្រីកនូវស្មារតីសាម្គីភាព ឯកភាពគ្នាឲ្យបានរឹងមាំបន្ថែមទៀត ព្រោះថាកន្លងមក ផែនការរបស់ពួកប្រឆាំង និងផែនការរបស់ពួកអគតិ គឺជានិច្ចកាលមានបំណងធ្វើយ៉ាងណាឱ្យ គណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុង មិនត្រឹមតែក្នុងមន្ត្រីរាជការ ឬអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងរហូតដល់កងកម្លាំងប្រដាប់អាវុធ តែផែនការរបស់ពួកគេត្រូវបានបរាជ័យ ដោយសារការសាមគ្គីភាព ឯកភាពគ្នារឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃសន្តិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្ពុជា និងបានស្នើឲ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព និងត្រូវទប់ស្កាត់ឲ្យខានតែបាននូវរាល់ការប៉ុងប៉ងតាមគ្រប់រូបភាព ធ្វើបដិវវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យសមាជិកក្រុមប្រឹក្សាក្នុងឃុំទាំង១១ ក្នុងស្រុកពញាឮ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត។