សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញជាអធិបតីក្នុង​ពិធីរំលឹកខួបអនុស្សាវរីយ៍លេីកទី​ ៧៤​ ថ្ងៃកំណេីតនគរបាលជាតិកម្ពុជា​ ១៦​ ឧសភា​ ១៩៤៥​ -​ ១៦​ ឧសភា​ ២០១៩​

រាជធានីភ្នំពេញ​ ៖​ ព្រឹកថ្ងៃព្រហស្បតិ៍​ ១៣កេីត​ ខែពិសាខ​ ឆ្នាំកុរ​ ​ឯកស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​១៦​ខែឧសភា​ ឆ្នាំ២០១៩​ នៅទីស្ដីការក្រសួងមហាផ្ទៃ​ បានរៀបចំ​ អបអរសាទរ​ពិធីរំលឹកខួបអនុស្សាវរីយ៍លេីកទី​ ៧៤​ ថ្ងៃកំណេីតនគរបាលជាតិកម្ពុជា​ ១៦​ ឧសភា​ ១៩៤៥​ -​ ១៦​ ឧសភា​ ២០១៩​ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងអញ្ជេីញចូលរួម​ ឯកឧត្ដម​ រដ្ឋលេខាធិការ​-អនុរដ្ឋលេខាធិការ​ ឯកឧត្ដម​ អគ្គស្នងការ-អគ្គស្នងការរងនគរបាលជាតិ​ ឯកឧត្ដម​ អគ្គនាយក​-អគ្គនាយករង​ ឯកឧត្ដម​ ប្រធាន-អនុប្រធាននាយកដ្ឋាន​ លោក​ស្នងការខេត្ត​ បណ្ដាអង្គភាព​ពាក់ពន្ធ័​ ចំណុះក្រសួងមហាផ្ទៃ​ នាយនគរបាលជាតិចូលនិវត្តន៍​ និងភ្ញៀវកិត្តិយស​សរុប​ ៧៦៨រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឡើងថ្លែងសន្ទរកថាស្វាគមន៍​ និងអានរបាយការណ៍បូកសរុបស្នាដៃ​ និងសមិទិ្ធផលរបស់កងកម្លាំងនគរបាលជាតិកម្ពុជាឆ្នាំ ២០១៨ ដោយក្នុងនោះរួមមានការងាររក្សាការពារសន្តិសុខជាតិ, ការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស, ការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ, ការងារគ្រប់គ្រងប្រជាពលរដ្ឋ និងជនបរទេស ,ការងារថែរក្សាការពារសន្តិសុខព្រំដែន, កំណែទម្រង់នគរបាលជាតិ និងការកសាងកម្លាំង, ការងារផុសភានិងហិរញ្ញវត្ថុ។ 

ស្ថិតក្នុងទិវាដ៏ប្រសេីរថ្លៃថ្លានេះដែរ​ សម្តេចក្រឡាហោម​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងកោតសរសើរដោយស្មោះចំពោះកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់​ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការបំពេញកាតព្វកិច្ចប្រកបដោយស្មារតីអង់អាចក្លាហាន​ និងមានការទទួលខុសត្រូវខ្ពស់​ ដើម្បីការពារឯករាជ្យ​ អធិបតេយ្យភាពជាតិ​ បូរណភាពទឹកដី​ រក្សាបាននូវសុខសន្តិភាព​ ស្ថេរភាពនយោបាយ​ 

បញ្ជៀសបាននូវអំពើភេរវកម្ម​ បង្ការទប់ស្កាត់​ និងបង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែន​ ប្រឆាំងទប់ស្កាត់ឧបាយកល​ សកម្មភាពរបស់ពួកបច្ចាមិត្តគ្រប់ប្រភេទ​ ដែលបានបំផុសចលនាបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់​ និងធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ កងកម្លាំងនគរបាលជាតិបានតស៊ូជំនះគ្រប់ឧបសគ្គ​ និងការលំបាកគ្រប់បែបយ៉ាងដោយបានលះបង់ពេលវេលា​ កម្លាំងកាយចិត្ត​ រួមទាំងអាយុជីវិតដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ​ សំដៅការពារអាយុជីវិត​ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ និងទ្រព្យសម្បត្តិសាធារណៈ​ បង្កើតបាននូវបរិយាកាសប្រកបដោយភាពកក់ក្ដៅក្នុងសង្គមទាំងមូល។ 

ជាមួយគ្នានោះដែរ​ សម្ដេចក្រឡាហោម​ ក៏បានសម្ដែងនូវសេចក្ដីសោកស្ដាយ​ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ​ ញាតិមិត្ត​ កូនចៅ​ ឪពុកម្ដាយ​ របស់មន្ត្រីនគរបាលជាតិ​ ដែលបានពលីជីវិតក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ​ ក្នុងរយៈពេលកន្លងមក​ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់បងប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ។ សម្ដេចក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាព​ និងស្នាដៃរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ​ និងប្រជាជន​ របស់មិត្តនគរបាលចូលនិវត្តន៍ទាំងអស់​ និងសូមសន្យាគោរព​ និងចងចាំជានិច្ចនូវគុណបំណាច់របស់វីរៈយុទ្ធមិត្តក្នុងដួងចិត្តជារៀងរហូត។