ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ម្នាក់រងរបួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីម្នាក់រងរបួសធ្ងន់ និងអ្នករួមដំណើរត្រូវជាកូនរងរបួសស្រាល ក្នុងករណីគ្រោះចរាចរណ៍រវាងរថយន្ត បុកនឹងម៉ូតូក្នុងទិសដៅច្រាសទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំ ក្នុងទីប្រជុំជនត្រង់ចំណុចមុខផ្ទះឈ្មោះ ឡាច គឹមណា ស្ថិតនៅភូមិរពាក់ ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 0344 បើកបរដោយឈ្មោះ ហាយ ហុក ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ននៅភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរឈ្មោះ អែម ស្រែង ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងត្បូង ទៅទិសខាងជើង ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បណ្តាលអោយបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC១២៥ សេរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T 0827 ពេញមួយទំហឹង ក្នុងទិសដៅច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ មាន សាវ៉ិន ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (មានពាក់មួកសុវត្ថិភាព)  បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ រីឯអ្នករួមដំណើរឈ្មោះ ទៀត សុគន្ធា ភេទស្រី អាយុ១១ឆ្នាំ ត្រូវជាកូនបង្កើតអ្នកបើកបរ (មានពាក់មួកសុវត្ថិភាព) រងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។

ក្រោយពីកើតហេតុ វត្ថុតាំងទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការស្រុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕