ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្មេងប្រុសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗបន្ទាប់ពីលោតពីលើរថយន្តកំពុងបើកឡើងភ្នំ

ខេត្តពោធិ៍សាត់៖កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចតាសៃ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់មានករណីក្មេងប្រុសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗបន្ទាប់ពីលោតពីលើរថយន្តដែលកំពុងបើកឡើងភ្នំជាមួយឱពុក។ជនរងគ្រោះឈ្មោះ សំ ប៊ុនលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមការរៀបរាប់របស់បងប្រុសឈ្មោះ  សំ ប៊ុនលៀង អាយុ៥២ឆ្នាំ ត្រូវជាឪពុកជនរងក៏ត្រូវជាអ្នកបើកបរដែរ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុគាត់និងជនរងគ្រោះត្រូវជាកូនបានបើកឡានចេញពីផ្ទះ ក្នុងគោលបំណងទៅដឹកថ្មកែវ លុះទៅដល់ចំណុចគោលដៅកម្មករនៅទីនោះបានលើកថ្មដាក់ឡានពេញហើយក៏បើកឡានត្រឡប់មកផ្ទះវិញជាមួយនិងកូនដែលជាជនរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុរថយន្តបើកឡើងភ្នំហើយច្រាលលេខហើយជនរងគ្រោះបានលោតពីលើឡានបណ្តាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ លោកក៏បានបន្តថា បើតាមគាត់សន្និដ្ឋានថា កូនរបស់គាត់ប្រាកដជាភ័យខ្លាចឡានក្រឡាប់ទើបរូបគេហ៊ានលោតពីលើឡានបណ្តាលឲ្យស្លាប់បែបនេះ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសន្ទ្រែបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអាណាព្យាបាលរបស់ជនរងគ្រោះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយករណីលោតពីលើឡានមែនហើយសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕