ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

បុរសម្នាក់ផឹកស្រវឹងជិះម៉ូតូធ្លាក់ទឹកប្រឡាយស្លាប់

ខេត្តពោធិ៍សាត់៖បុរសម្នាក់ជិះម៉ូតូបុកលូធ្លាក់ទឹកប្រឡាយបណ្តាលអោយស្លាប់ចោលប្រពន្ធ៣នាក់និងកូនប្រុសស្រីចំនួន៨នាក់។ ឧបទ្ទវហេតុគ្រោះថ្នាក់នេះកើតឡើង នៅចំណុចលូប្រឡាយទឹកត្រាំម្នាស់ ស្ថិតក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ទើបរហូតព្រឹកថ្ងៃទី៣នេះទើបប្រជាពលរដ្ឋប្រទះឃើញសាកសពនិងម៉ូតូជនរងគ្រោះនៅក្នុងប្រឡាយទឹកក៏មានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ អៀង ហួន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ផឹកស្រាស្រវឹងជោគជាំ រួចជិះម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅគ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបុកលូធ្លាក់ចូលប្រឡាយទឹកទាំងម៉ូតូនិងមនុស្សបណ្តាលឲ្យស្លាប់នៅនិងកន្លែងចោលប្រពន្ធ៣នាក់និងកូនប្រុសស្រី៨នាក់ទៀតក្លាយជាកូនកំព្រាឪពុក ។

សមត្ថកិច្ចមូលដ្ឋានលោកអនុសេនីយ៍ឯក យូ គឹមចារិទ្ធី មន្ត្រីប្រចាំការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា តាមស្រាវជ្រាវពីសាវតាជាតិរបស់ជនរងគ្រោះគឺគាត់មានប្រពន្ធដល់ទៅ៣នាក់ គឺប្រពន្ធទី១មានកូនចំនួន៧នាក់ស្រី៥នាក់-ប្រពន្ធទី២មានកូនចំនួន១នាក់ស្រីនិងប្រពន្ធទី៣មិនទាន់មានកូននៅឡើយនោះទេ។ សមត្ថកិច្ចបានបន្តថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីកត្តាស្រវឹង និងល្បឿនទើបធ្វើឲ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ស្លាប់បាត់បង់ជីវិតបែបនេះ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រណៃ៕