រដ្ឋបាលរាជធានី-ខេត្ត

គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ ចំនួន២ឃុំ ក្នុងស្រុកក្រឡាញ់ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ខេត្តសៀមរាប៖ គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ ចំនួន២ឃុំ ក្នុងស្រុកក្រឡាញ់
បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកក្រឡាញ់ ចំនួន១៨គ្រួសារ ( ឃុំស្រណាលរលំ៣ខ្នង របើកធ្ងន់ធ្ងរ១៣ខ្នង និង ឃុំក្រឡាញ់របើកធ្ងន់ធ្ងរ ៣ខ្នង) ។
ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម គុជ លីណា ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះរលំផ្ទះ របើកដំបូលទាំង១៨ គ្រួសារ ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ទ្រាក់បណ្ដាលឲ្យរលំផ្ទះ ។ ឯកឧត្តមក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា ។ ជាក់ស្ដែងថ្ងៃនេះដោយទទួលបានព័ត៌មានថា មានប្រជាជនរងគ្រោះធម្មជាតិទាំងពីរឃុំ ក្នុងស្រុកក្រឡាញ់ ពីអនុសាខាកាកបាទក្រហមស្រុក ហើយនៅថ្ងៃនេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំនូវអំណោយសង្គ្រោះបន្ទាន់ ដើម្បីយកមកចែកជូនបងប្អូនផងដែរ ។ ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនៅកណ្ដោចកណ្ដែង និងស្លាប់ដោយអត់អាហារ និងគ្មានទីជម្រកនោះឡើយ ។ ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គុជ លីណា ក៏បានមានប្រសាសន៍ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះរលំផ្ទះ របើកដំបូលទាំង១៨គ្រួសារ ទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាមិនស្មើទៅនឹងការខូចខាត របស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ ។ ក្នុងនោះដែរឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ន នៅពេលដែលមានប្រធានស័ក្តណាកើតឡើង សូមឲ្យបងប្អូនរត់រកទីកន្លែងមានសុវត្ថិភាព និង ពេលមានភ្លៀង ផ្គររន្ទះ សូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិចដែលងាយបង្កភាពគ្រោះថ្នាក់ដល់ខ្លួន ។ ម៉្យាងទៀតក្នុងពេលនេះជារដូវក្តៅ សូមបងប្អូនយកចិត្តទុកដាក់ ចំពោះកូនតូចៗរបស់ខ្លួន កុំឲ្យមានជម្ងឺសង្កាត់ ចំណីចំណុកផ្សេងៗ សំខាន់ចំពោះភ្លើងផ្សែង នារដូវប្រាំងនេះ ព្រមទាំងធ្វើការដាំដុះនូវដំណាំរួមផំ្ស ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ទ្រទ្រង់ជីវភាពក្រុមគ្រួសារ ព្រមទាំងត្រៀមលក្ខណៈនូវឧបករណ៍កសិកម្ម ក្នុងការភ្ជួររាស់ ព្រោះថារដូវវស្សានឹងចូលមកដល់ហើយ ។ ម៉្យាងទៀតក្រោយពីទទួលបាននូវសម្ភារៈទាំងនេះយកទៅធ្វើការរៀបចំលំនៅដ្ឋានឡើងវិញ សូមបងប្អូនត្រូវចេះថែរក្សាលំនៅដ្ឋានរបស់ខ្លួន ទាំងអនាម័យ និង សុខភាពក្នុងគ្រួសារផងដែរ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាឱកាសនោះ ចំពោះគ្រួសាររលំផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល និង គ្រួសារប៉ះពាល់ធ្ងន់ ទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀលផងដែរ ៕