ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កាយស្រះខាងក្រៅ យកអាចម៍ដីលុបស្រះខាងក្នុង ពង្រីកទីធ្លាបរិវេណវត្តឲ្យទូលាយ

ខេត្តបន្ទាយមានជ័យ​ ៖ ការកាយជីកស្រះខាងក្រៅ យកអាចម៍ដី លុបស្រះខាងក្នុងពង្រីកទីធ្លា ក្នុងបរិវរណវត្តសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ចាប់ពីថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០១៩ មកទល់ពេលនេះ បានរួចរាល់ជាស្ថាពរហើយ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ ៖ ដោយមានការបិនបាតពីព្រះចៅអធិការវត្តសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ស្នើសុំដីចាក់លុបស្រះខាងក្នុងបរិវេណ ក្នុងគោលបំណង ដើម្បីពង្រីកទីធ្លាបរិវេណវត្តឲ្យបានកាន់តែធំទូលាយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ បានប្រគេនជូន តាមរយៈលោក ដោយក្នុងនោះ គឺ ជីកស្រះខាង ក្រៅវត្ត ដែលមានទំហំប្រមាណជា២៥ ម X  ៣០ មានជម្រៅប្រមាណជា ៣​ ម ហើយយកអាចម៍ដីនោះ មកចាក់លុបស្រះខាងក្នុងវត្ត ដែលមានទំហំ៣០ ម X ៤០ម ដោយអស់ដីចំនួនជាង៣ពាន់ម៉ែត្រគីប ។​ 

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា​ ៖ ការជីកស្រះមួយទៀតខាងក្រៅនោះ គឺមានប្រយោជន៍​ ដោយផ្ដល់ទឹកសម្រាប់វត្តប្រើប្រាស់ ក្នុងតម្រូវការប្រចាំថ្ងៃ​ ឬពិធីបុណ្យផ្សេងៗ និងមួយទៀតគឺសម្រាប់ប្រជាពុទ្ធិបរិស័ទ ចំណុះជើងវត្តគាត់បានប្រើប្រាស់ ក្នុងតម្រូវការប្រចាំថ្ងៃផងដែរ ។

ដើម្បីជាការឆ្លើយតប ព្រះគ្រូចៅអធិការវត្តសំរោង បានថ្លែងអំណរគុណដល់​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ដែលបានឧបត្ថម្ភជួយលុបស្រះ ខាងក្នុងបរិវេណវត្ត និងជីកស្រះថ្មីមួយទៀតជាប្រយោជន៍រួម នៅខាងក្រៅវត្តសម្រាប់ព្រះសង្ឃ និងពុទ្ធិបរិស័ទ ចំណុះជើងវត្តបានប្រើប្រាស់ ។​ ហើយការលុបស្រះខាងក្នុងនេះ គឺសំដៅដើម្បីពង្រីកទីធ្លាវត្តឲ្យធំទូលាយ នៅពេលមានកម្មវិធីបុណ្យ មានទីកន្លែងសម្រាប់ពុទ្ធបរិស័ទ ចតឡាន ម៉ូតូ បានស្រួលមិនចង្អៀត ។ ក្នុងនាមព្រះសង្ឈ ក៏ដូចជាពុទ្ធិបរិស័ទ្ធ ចំណុះជើងវត្ត ព្រះអង្គសូមសំដែងនូវការសប្បាយចិត្តយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យដល់​ ឯកឧត្តម លោកជំទាវ បុត្រា បុត្រី ចៅប្រុស​ ចៅស្រី របស់​ឯកឧត្តម និងលោកជំទាវ សូមជួបតែសេចក្តីសុខ គ្រប់ប្រការ ពិសេសគឺជូនពរ​ សុំឲ្យទេវតាថ្មី តាមបីបាច់ថែរក្សា ក្រុមគ្រួសារឯកឧត្តម បានជួបប្រទះតែសេចក្តីចម្រុង ចម្រើន ប្រកបកិច្ចការអ្វី ទទួលបានជ័យជំនះគ្រប់ភារកិច្ច៕