ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ថយឡានជិតធ្លាក់ក្រឡុក ប្រពន្ធស្រែកប្រាប់​ និងគោះទ្រុងឡាន​ ប្តីមិនលឺក្រឡាប់សង្កត់ប្រពន្ធស្លាប់

ខេត្តបន្ទាយមានជ័យ​ ៖ មានការភ្ញាក់ផ្អើលនៅឯជាយដែន ដោយប្រពន្ធបានចុះបញ្ជាឡានឲ្យប្តីថយឡាន ពេលថយជិតធ្លាក់ក្រឡុក ប្រពន្ធស្រែកប្រាប់​ និងប្រឹងគោះទ្រុង តែប្តីមិនលឺនៅតែថយធ្លាក់ក្រឡុក​ ក្រឡាប់សង្កត់ប្រពន្ធស្លាប់ភ្លាមៗ ។​ ហេតុការណ៍គួរឲ្យសង្វេគនេះ បានកើតឡើងនៅវេលាម៉ោង​ ៤និង៤០នាទីទាបភ្លឺ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ ៥៧A (ជិតព្រំដែនកម្ពុជា-ថៃ) ស្ថិតនៅខាងលិចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា​ ៖​ ជនរងគ្រោះជាប្រពន្ធដែលស្លាប់ឈ្មោះ​ សន ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ​ ចំណែកប្តីជាអ្នកបើកបរឈ្មោះ យ៉េន សារ៉ាត ភេទប្រុស អាយុ៤៤ឆ្នាំ ទាំង២នាក់ប្តីប្រពន្ធ នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ក្រុងកំពង់ចាម ខេត្តកំពងចាម ។

លោកអធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងទៀតថា​ ៖ ស្រី្តរងគ្រោះ និងប្តីបានបើកឡានម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង នាំគ្នាមករកទិញដើមដំឡូងមី ដើម្បីយកទៅដាំនៅឯខេត្តកំពង់ចាម ។​ នៅមុនពេលកើតហេតុ​ ប្តីបានថយឡាន ហើយប្រពន្ធជាអ្នកឈរស៊ីញ៉ូប្រាប់ប្តី ពេលថយជិតធ្លាក់ក្រឡុក ប្រពន្ធបានគោះទ្រុងឡាន និងស្រែកប្រាប់ប្តី ឲ្យបើកទៅមុនវិញ តែប្តីមិនលឺ នៅតែថយក្រោយ ធ្លាក់ក្រឡុកក្រឡាប់សង្កត់ប្រពន្ធស្លាប់ភ្លាមៗ នៅនឹងកន្លែង ។​ ក្រោយកេីតហេតុ សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋ នៅទីនោះបាននាំគ្នាជួយ​ និងរកអែស្ការវេទ័រលើករថយន្ត ដើម្បីយកសពស្រ្តីរងគ្រោះចេញ និងប្រគល់ឲ្យបុរសជាប្តីយកទៅចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី ៕