ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​យុវជនម្នាក់ បានស្លាប់ខណៈចេញពីមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានស្លាប់នៅតាមផ្លូវពេលត្រឡប់មកផ្ទះវិញ ដោយសារតែជម្ងឺមហារីកបេះដូងធ្ងន់ធ្ងរ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ខណៈពេលក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី មកដល់ចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖​ ជនរងគ្រោះ មានឈ្មោះ មិន មឿង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រីងជូ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា ៖ បើតាមការរៀបរាប់បញ្ជាក់ពីម្តាយរបស់ជនរងគ្រោះ និយាយប្រាប់សមត្ថកិច្ចថាកូនគាត់កើតជម្ងឺមហារីកបេះដូងធ្ងន់ធ្ងរ បានចេញពីមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ដោយគ្រូពេទ្យឲ្យចេញ និងនិយាយថាជម្ងឺនេះមិនអាចមើលជា ។ ពេលនោះ គាត់ជាម្តាយបានឲ្យប្អូនស្រីឌុបត្រឡប់មកផ្ទះវិញ ដោយគាត់អង្គុយទប់ពីក្រោយ ។ ពេលមកដល់ចំណុចមុខផ្ទះឈ្មោះ ម៉ង់ សារ៉ា ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ជម្ងឺនោះបានធ្វើទុកខ្លាំង ក៏ឈប់មួយសន្ទុះ ដើម្បីធ្វើចលនាក៏ស្រាប់តែឈ្មោះ មិន មឿង កូនគាត់បានស្លាប់តែម្តង។ ហើយគាត់ក៏បានបញ្ជាក់ថា ៖ ការស្លាប់របស់កូនគាត់គឺពិតជាស្លាប់ដោយសារជម្ងឺពិតមែន ៕