ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្លាប់៣នាក់ទាំងព្រឹក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តកាម៉ារីឆ្លាម បុកជាមួយម៉ូតូបើកបរមិនប្រកាន់ស្តាំ

ខេត្តបន្ទាយមានជ័យ​ ៖​ យុវជន​ ៣នាក់​ បានស្លាប់ភ្លាមៗនៅកន្លែងហេតុ ដោយត្រូវរថយន្តបុកពេញទំហឹង ប៉ើងដូចសំឡី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៣និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅលេីកំណាត់ផ្លូវជាតិលេខ៥៦A នៅចំណុចមុខទីស្នាក់ការបក្ស​ ឃុំស្លក្រាម ស្ថិតនៅភូមិខ្លែងពណ៍ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក​ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹកថា ៖​ មុនពេលកើតហេតុ មានយុវជន៣នាក់ បានជិះមូតូមួយគ្រឿងម៉ាកMSX ពណ៍ខ្មៅ​ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R​-8063 អ្នកបើកបរឈ្មោះ អូក ហៀត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទ្រាស ឃុំទ្រាស និងអ្នករួមដំណើរ ២នាក់ទៀត ១.ឈ្មោះ ប៉ក់ សៀវភូ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិទ្រាស ឃុំទ្រាស, ២.ឈ្មោះ ដាន ឡៃសឿ ភេទប្រុស អាយុ១៧ឆ្នាំ​ រស់នៅភូមិតាវឹក ឃុំទ្រាស ។ អ្នកទាំង៣នាក់រស់នៅឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើររពីត្បូងទៅជើង ស្របពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់កាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ  ភ្នំពេញ​ 2M-7371 ធ្វើដំណើរច្រាសទិសគ្នាពីជើងទៅត្បូង បើកបរដោយឈ្មោះ ជី ហឿយ ភេទប្រុស នៅស្រុកថ្មពួក បានបុកម៉ុតូពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូ​ និងអ្នករួមដំណើរស្លាប់ទាំង៣នាក់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។   ចំណែករថយន្តបានរេចង្កូតធ្លាក់ពីផ្លូវទៅបុកតូប និងបុករបងជាប់នៅក្បែរផ្លូវទៅមុខលែងរួច ។ ក្រោយពីកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ។

លោកអធិការបានបញ្ជាក់ថា​ ៖​ បន្ទាប់ពីធ្វើការវាស់វែងរួច សពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ។ ចំណែករថយន្ត និងម៉ូតូរងការខូចខាត់យ៉ាងធ្ងន់ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក រង់ចាំភាគីបង្កចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ដ៏រន្ធត់នេះ ដោយសារភាគីម៉ូតូបេីកបរខ្វះការប្រុងប្រយ័ត្នមិនប្រកាន់ស្តាំ ៕