ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Huawei ប្រកាសពីការកើនឡើងនៃប្រាក់ចំណេញរបស់ខ្លួនក្នុងទីផ្សារស្មាតហ្វូនសម្រាប់ឆ្នាំ២០១៨

Reuters: យោងតាមការប្រកាសជាផ្លូវការពីក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននិងជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលលំដាប់ទី៣នៅលើពិភពលោកផងដែរនោះបានឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនខ្លួនក្នុងទីផ្សារស្មាតហ្វូនកាលពីឆ្នាំ២០១៨បានកើនឡើង២៥ភាគរយដោយក្នុងនោះត្រូវបានជម្រុញពីទីផ្សារក្នុងស្រុកក៏ដូចជាការស្ទុះទ្បើងយ៉ាងលឿននៃអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុននេះផងដែរ។
 
សូមជម្រាបថា ក្រុមហ៊ុន Huawei ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ស៊ិនជិន (Shenzhen) ប្រទេសចិនរកប្រាក់ចំណេញសុទ្ធបានចំនួន៥៩.៣ពាន់លានយន់ដែលស្មើនឹង៨.៨ពាន់លានដុល្លារអាចមេរិកបើធៀបនឹងកំណើនក្នុងកម្រិត២៨ភាគរយកាលពីឆ្នាំ២០១៧ដែលជាការស្ទុះងើបឡើងវិញក្នុងកម្រិត០.៤ ភាគរយបើធៀបនឹងឆ្នាំ២០១៦។
 
គួរឲ្យដឹងថា ចក្ខុវិស័យរបស់ក្រុមហ៊ុន Huawei នៅក្នុងពេលនេះត្រូវបានគ្របដណ្តប់ដោយការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលលើកទ្បើងថាឧបករណ៍បណ្តាញទូរគមនាគមន៍របស់ក្រុមហ៊ុននេះអាចត្រូវបានប្រើប្រាស់សម្រាប់ស៊ើបការណ៍សម្ងាត់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងហើយថែមទាំងបានអំពាវនាវដល់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនឲ្យធ្វើការហាមឃាត់ការប្រាស់ឧបករណ៍បច្ចេកទេសរបស់ក្រុមហ៊ុន Huawei ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនងចល័តជំនាន់ទី៥ ឫ 5G ទៀតផង។
 
យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានប្រកាសម្តងហើយម្តងទៀតថា “រដ្ឋាភិបាលទីក្រុងប៉េកាំងមិនមានឥទ្ធិពលណាមួយទៅលើក្រុមហ៊ុនខ្លួននោះទេ”។
 
គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei បានកើនឡើងក្នុងកម្រិត១៩.៥ភាគរយដែលស្មើនឹង៧២១.២ពាន់លានយ័ន (១០៧.២៥ពាន់លានដុល្លារ) កាលពីឆ្នាំ២០១៨កន្លងទៅនេះពោលគឺស្របទៅតាមអ្វីដែលក្រុមហ៊ុននេះធ្លាប់បានប្រកាសកាលពីពេលមុនហើយវាក៏ជាសញ្ញាមួយដែលបញ្ជាក់ពីកំណើនដ៏លឿនបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះរបស់ក្រុមហ៊ុនយក្សរបស់ចិនមួយនេះផងដែរ បើទោះបីជាមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើសកម្មភាពរបស់ក្រុមហ៊ុននេះយ៉ាងណាក្តី។
 
នាយកប្រតិបត្តិជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុនេះបានលើកទ្បើងកាលពីដើមសប្តាហ៍កន្លងទៅនេះថា “ការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Huawei បានបង្កឲ្យមានផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើការលក់របស់ក្រុមហ៊ុននេះ ហើយវាទំនងជាមិនអាចទៅរួចនោះទេដែលប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោកនឹងធ្វើតាមការអំពាវនាវរបស់សហរដ្ឋអាមេរិកក្នុងការហាមឃាត់ផលិតផលនាទ្បិកាឆ្លាតវៃជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ”។
 
គួរឲ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០១៩នេះ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ចិនខាងលើបានរំពឹងថានឹងរកប្រាក់ចំណូលឲ្យកើនឡើងដល់១២៥ពាន់លានដុល្លារអាមេរិក។
 
-DM-